(ញូវដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌានៅថ្ងៃចន្ទនេះបានប្រកាសថា នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះខ្លួនបានរកឃើញអ្នកឆ្លង COVID-19 ចំនួន ២៤,២៤៨ករណីថ្មីៗ...
យោងតាមមន្ត្រីនៅក្នុងក្រសួងបានឱ្យដឹងទៀតថា រហូតមកដល់ពេលនេះមនុស្សសរុបចំនួន ៤២៤,៤៣៣នាក់បានជាសះស្បើយឡើងវិញពីជំងឺ COVID-19។ ចំណែកឯចំនួនអ្នកជំងឺសកម្មនៅទូទាំងប្រទេសនាពេលបច្ចុប្បន្នមាន ២៥៣,២៨៧នាក់។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសឥណ្ឌាបានវ៉ាដាច់ប្រទេសរុស្ស៊ី ក្លាយជាប្រទេសដែលមានចំនួនករណីឆ្លង COVID-19 ច្រើនបំផុតលំដាប់ទី ៣ លើពិភពលោក។ ទោះជាយ៉ាងនេះក្តី ប្រទេសឥណ្ឌាបានឈានចូលដំណាក់កាល បន្ធូរបន្ថយកម្រិត ២ ប៉ុន្តែការរឹតបន្តឹងនៅតែបន្តអនុវត្តនៅក្នុងតំបន់ដែលមានករណីឆ្លងផ្ទុះខ្លាំងនៅឡើយ (Containment Zones)។
កាលពីថ្ងៃសុក្រសប្តាហ៍មុន អគ្គនាយកផ្នែកអាកាសចរណ៍ស៊ីវិលឥណ្ឌាបានប្រកាសថា ការហោះហើរអន្តរជាតិចូល និងចេញពីប្រទេសឥណ្ឌា នឹងបន្តផ្អាករហូតដល់ថ្ងៃទី ៣១ ខែកក្កដា៕
ប្រភព៖ Freshnewsasia
No comments