Page Nav

HIDE

Breaking News:

latest

ក្រសួងរ៉ែ និងថាមពល នឹងរៀបចំសាងសង់ស្ថានីយសាកអាគុយតាមផ្លូវជាតិសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់យានយន្តអគ្គិសនី នៅកម្ពុជា

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គិសនីកម្ពុជា ក្នុងការកៀរគរថវិកាមួយចំនួនចាំបាច់តាមរយៈ...








ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នឹងធ្វើកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គិសនីកម្ពុជា ក្នុងការកៀរគរថវិកាមួយចំនួនចាំបាច់តាមរយៈប្រភពផ្សេងៗ ដើម្បីជំរុញឲ្យអគ្គិសនីកម្ពុជា ធ្វើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសាងសង់ស្ថានីយសាកអាគុយតាមផ្លូវជាតិសំខាន់ៗបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា ដែលធានាបញ្ហាខ្វះស្ថានីយបញ្ចូលថាមពលឲ្យយានយន្តអគ្គសិនី។
ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឲ្យយានយន្តអគ្គសិនី ដែលមានការអញ្ជើញចូលរួមពីអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) រួមជាមួយធុរជនមកពីបណ្តាក្រុមហ៊ុនយានយន្តអគ្គិសនី (EV) ជាច្រើនទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងរ៉ែ និងថាមពល។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានមានប្រសាសន៍ថា កន្លងមកមានអ្នកប្រើប្រាស់រថយន្តអគ្គិសនី (EV) មានការព្រួយបារម្ភពីស្ថានភាពខ្វះកន្លែងសាកអាគុយ ដូច្នេះយើងត្រូវបង្កើតកន្លែងសាកឲ្យបានលឿន និងឆាប់រហ័ស។ ម្យ៉ាងវិញទៀត នាពេលខាងមុខនេះ ក្រសួង នឹងត្រូវកំណត់ឲ្យមានការប្រើប្រាស់ APP ស្តង់ដាររួមគ្នាតែមួយដែលត្រូវកំណត់តម្លៃបញ្ចូលយានយន្តអគ្គិសនីឲ្យមានតម្លៃសមរម្យ និងការពារភាពផ្តាច់មុខរបស់សេវាករផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណចែកចាយ អគ្គិសនីឯកជន ត្រូវចូលរួមជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពល ស្ថានីយផ្លាស់ប្តូរអាគុយ និងការបញ្ចូលថាមពលនៅតាមលំនៅឋានតាមផែនការជំរុញដែលកំណត់ដោយក្រសួងរ៉ែ និងថាមពល ជាបន្តបន្ទាប់ ដើម្បីឱ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនី អាចមានលទ្ធភាពបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនី បានដោយងាយស្រួលនៅគ្រប់ទីកន្លែង ជួយជំរុញកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី ដែលនឹងធ្វើឱ្យការប្រើប្រាស់ថាមពលសម្រាប់ការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា កាន់តែមានចីរភាព និងមានប្រសិទ្ធភាពខ្ពស់ លើកកម្ពស់សេដ្ឋកិច្ចជាតិឱ្យរឹងមាំ រស់រវើក ប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ក្រសួងរ៉ែ និងថាមពល, អគ្គិសនីកម្ពុជា និងអ្នកកាន់អាជ្ញាបណ្ណចែកចាយអគ្គិសនីឯកជន ត្រូវជំរុញម្ចាស់ទីតាំងចំណតខាងលើឱ្យធ្វើការអភិវឌ្ឍស្ថានីយបញ្ចូលថាមពលក្នុងករណីចាំបាច់ ទាំងអគ្គិសនីកម្ពុជា ទាំងអ្នកកាន់អាជ្ញាបណ្ណចែកចាយអគ្គិសនីឯកជន អាចសហការជាមួយម្ចាស់ទីតាំងចំណតនានា បង្កើតជាស្ថានីយបញ្ចូលថាមពលនៅតាមចំណតទាំងនេះ ដើម្បីជួយជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពល។ ម្ចាស់ទីតាំងចំណតសាធារណៈ និងពាក់កណ្តាលសាធារណៈ ត្រូវពិនិត្យលទ្ធភាពវិនិយោគអភិវឌ្ឍបង្កើតស្ថានីយបញ្ចូលថាមពលនៅតាមចំណតទាំងនេះ ដើម្បីជួយជំរុញការអភិវឌ្ឍស្ថានីយបញ្ចូលថាមពល។

ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បន្ថែមទៀតថា គោលនយោបាយអភិវឌ្ឍ និងគ្រប់គ្រងស្ថានីយបញ្ចូលថាមពលនេះ នឹងជួយជំរុញការអភិវឌ្ឍការបញ្ចូលថាមពលឲ្យយានយន្តអគ្គិសនីឲ្យមានគ្រប់ទីកន្លែង ដែលត្រូវការបម្រើឲ្យអ្នកប្រើប្រាស់យានយន្តអគ្គិសនី ឲ្យបានគ្រប់គ្រាន់។ចំណែកការគ្រប់គ្រង និងបញ្ញត្តិការផ្តល់សេវាកម្មបញ្ចូលថាមពលរបស់ស្ថានីយបញ្ចូលថាមពល ត្រូវមានតម្លាភាព ប្រសិទ្ធភាព និងមានតម្លៃសមរម្យ ស្របតាមការកំណត់ច្បាប់ស្តីពីអគ្គិសនី, គ្រប់គ្រងនិងបញ្ញត្តិ ការសាងសង់ដំឡើង ការដំណើរការនៃការបញ្ចូលថាមពល និងការទទួលយកថាមពលឲ្យមានសុវត្ថិភាព និងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយប្រកាសស្តីពីគោលការណ៍ និងនីតិវិធីសម្រាប់គ្រប់គ្រង និងបញ្ញត្តិលើការអភិវឌ្ឍ និងការធ្វើសេវាកម្មបញ្ចូលថាមពលឲ្យយានយន្តអគ្គសិនីនេះ មានចំនួន ៨ជំពូក និង ៣៩ប្រការ៕ប្រភព CNC News 

No comments