(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា ទីក្រុងប៉េកាំងបានត្រៀមខ្លួនជាស្រេច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយណា បង្កឡើងដោយសហរ...
សហរដ្ឋអាមេរិកបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំង ០២គ្រឿងគឺ USS រ៉ូណាល់ រីហ្គែន (USS Ronald Reagan) និង USS នីមីតស៍ (USS Nimitz) ទៅកាន់តំបន់ជម្លោះដែនទឹកនៃសមុទ្រចិនខាងត្បូង ដើម្បីដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ ដោយចាប់ផ្ដើមកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ។ ពោលគឺចំពេលតែមួយដែលចិន កំពុងដឹកនាំការធ្វើសមយុទ្ធយោធា នៅក្នុងតំបន់នោះដូចគ្នា។ សមយុទ្ធយោធានេះ គឺជាសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត របស់កងនាវាអាមេរិក នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងរឿងកម្របំផុតដែលសហរដ្ឋអាមេរិក និងធ្វើសមយុទ្ធយោធាក្នុងតំបន់តែមួយ និងចំពេលតែមួយ ហើយវាកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីចិនបានធ្វើសមយុទ្ធយោធារយៈពេល ០៥ថ្ងៃ ដោយចាប់ផ្ដើមកាលពីថ្ងៃពុធសប្ដាហ៍មុន នៅក្បែរទីប្រជុំកោះជម្លោះ ផារ៉ាសែល (Paracel)។
ឧត្ដមនាវីឯកអាមេរិក លោក ចច វីកអូហ្វ (George Wikoff) បានប្រកាសថា សមយុទ្ធយោធាដឹកនាំដោយកងកម្លាំងនាវាចម្បាំង USS Ronald Reagan និង USS Nimitz គឺជាសារមួយបង្ហាញយ៉ាងច្បាស់ ពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការថែរក្សាស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់ ក៏ដូចជាឆ្លើយតបទៅនឹងការកើនឡើង នៃសកម្មភាពយោធាចិន។ យោធាអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ បានឱ្យដឹងបន្ថែមថា យន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B52 ក៏បានចូលរួមនៅក្នុងសមយុទ្ធយោធាដឹកនាំ ដោយនាវាផ្ទុកយន្ដចម្បាំងទាំង ០២គ្រឿងខាងលើ។
តែទោះជាយ៉ាងនេះក្ដី សារព័ត៌មានរដ្ឋចិន Global Times តាមរយៈការស្រង់សម្ដីពីអ្នកជំនាញយោធាបាននិយាយថា ទីក្រុងប៉េកាំងកំពុងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង។ សារព័ត៌មានមួយនេះបានបញ្ជាក់សម្ដីរបស់អ្នកជំនាញដូច្នេះថា «ចិនមានប្រព័ន្ធមីស៊ីលប្រឆាំង នាវាផ្ទុកយន្ដហោះចម្បាំងដូចជា DF-21D និង DF-26 ដែលត្រូវបានគេចាត់ទុកថា ជាមីស៊ីលពិឃាតនាវាផ្ទុកយន្ដហោះចម្បាំង... ម្យ៉ាងវិញទៀតស្ថានការណ៍ នៅសមុទ្រចិនខាងត្បូង ក៏កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន PLA ដែរ។ ដូច្នេះនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក ដែលកំពុងធ្វើសកម្មភាពនៅក្នុងតំបន់ មិនអាចគេចផុតពី PLA បានឡើយ»។
គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ យោធាចិនបានព្រមានពីការកើនឡើងខ្លាំង នូវសកម្មភាពយោធានាវាចម្បាំងអាមេរិក នៅក្បែរតំបន់ជម្លោះសមុទ្រចិនខាងត្បូង ដែលអាចនឹងនាំឱ្យនាវាចម្បាំង នៃប្រទេសទាំង២ ប៉ះទង្គិចគ្នាជាយថាហេតុណាមួយ ស្របពេលក្រុមអ្នកជំនាញភាគច្រើនយល់ថា ដោយសារការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាន់ខិតជិតមកដល់ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងកាន់តែបង្កើនសកម្មភាពយោធា នៅតំបន់សមុទ្រចិនខាងត្បូង, ដែនទឹកនៃកោះតៃវ៉ាន់ និងសមុទ្រចិនខាងកើតជាដើម ដើម្បីកេងចំណេញនយោបាយនៅក្នុងស្រុក៕
ប្រភព៖ Freshnewsasia
No comments