(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចអាវុធហត្ថលើផ្...
(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក កី ម៉ានេរ៉ា បានសម្រេចចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសនាំខ្លួន ជនត្រូវចោទឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស និងទី២ឈ្មោះ ស៊ៃ សេត ភេទប្រុស ដាក់ពន្ធនាគាររាជធានីភ្នំពេញ (PJ ) ក្រោមបទចោទ «ឆបោក និងមិនបំពេញកាតព្វកិច្ចនូវឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ ច្បាប់ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តការទូទាត់សងប្រាក់ ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។
ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី០៨ ខែមករា។ នេះបើយោងតាមមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២០នេះ។
សូមរំលឹកថា ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥-៦ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធករណី ចេញសែកគ្មានសាច់ប្រាក់ និងឆបោកប្រាក់។
តាមរបាយការណ៍សមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ឆុង ដារ៉ារិទ្ធ ភេទប្រុស និងទី២ឈ្មោះ ស៊ៃ សេត ភេទប្រុស ត្រូវបានសមត្ដកិច្ចឃាត់ខ្លួនតាមបណ្តឹង របស់ជនរងគ្រោះឈ្មោះ ហែម គន្ធាម ពីបទ ឆបោកប្រាក់ និងពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកគ្មានសាច់ប្រាក់)។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅគ្រាដែលពួកគេចូលឆ្លើយបំភ្លឺនៅចំពោះមុខ សមត្ថកិច្ចក្នុងនីតិវិធីស៊ើបអង្កេតបឋម នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕


No comments