Page Nav

HIDE

Breaking News:

latest

ក្រសួងអប់រំ៖ មិនមានការលើកពេលប្រឡងឌីប្លូម និងបាក់ឌុបនោះទេ ដោយបន្តតាមដានស្ថានការណ៍ក្រោយព្រឹត្តិការណ៍ ០៣វិច្ឆិកា

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០...


(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា ទោះបីការសិក្សារបស់សិស្សមានការផ្អាកសិក្សាជាបណ្តោះអាសន្ន នៅតាមទីតាំងមួយចំនួនតូច ដោយសារព្រឹត្តិការណ៍ ០៣ ខែវិច្ឆិកា តម្រូវឲ្យក្រសួងអប់រំផ្អាកការសិក្សានៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល រយៈពេល២សប្តាហ៍យ៉ាងណាក្តី ក៏ក្រសួងអប់រំមិនទាន់មានផែនការលើកពេល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូនោះទេ។

លោក សុវាចា បញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តីក្រសួងអប់រំ នៅបន្តតាមដាន និងវាយតម្លៃស្ថានការវិវត្តទាក់ទងស្ថានភាពនៃការរីករាលជំងឺកូវីដ១៩ ហើយមានអ្វីប្រែប្រួលនោះ ក្រសួងនឹងជូនដំណឹងនៅពេលក្រោយ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា «បើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តន៍គោលការណ៍ធំៗ៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡងផ្ទាល់»។

លោកបញ្ជាក់ថា នៅក្នុងការប្រឡងបាក់ឌុប សម្រាប់ឆ្នាំ២០២០នេះ ក្រសួងអប់រំក៏នៅតែផ្តល់ជូននិទ្ទេស (និទ្ទេស A, B, C, D និង E) ជូនដល់បេក្ខជន ដូចឆ្នាំមុនផងដែរ។ ធ្វើបែបនេះដើម្បីរក្សាគុណភាពនៃការប្រឡងរបស់បេក្ខជន ឆ្លើយតបនឹងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ របស់បេក្ខជនទាំងអស់។

សូមជម្រាបថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) គឺនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០៕

No comments