Page Nav

HIDE

Breaking News:

latest

បើចាញ់ឆ្នោតលើកនេះ លោក ត្រាំ នឹងឈរឈ្មោះម្តងទៀតនៅឆ្នាំ២០២៤, នេះបើតាមសម្តីអតីតមន្ត្រីជំនិតលោក ត្រាំ

(វ៉ាស៊ីនតោន)៖   អតីតប្រធានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ គឺលោក ស្ទេវ បានណុន (Steve Bannon) បាននិយាយថា ប្រធានាធិបតីអាមេរិករ...

(វ៉ាស៊ីនតោន)៖ អតីតប្រធានរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ គឺលោក ស្ទេវ បានណុន (Steve Bannon) បាននិយាយថា ប្រធានាធិបតីអាមេរិករូបនេះ នឹងចូលរួមប្រកួតប្រជែងសាជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤ បើលោកចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតដែលនឹងចូលមកដល់នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែតុលា ឆ្នាំ២០២០។

លោក Steve Bannon បានធ្វើការព្យាករណ៍បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអូស្ត្រាលីមួយ (The Australian) កាលពីពេលថ្មីៗនេះ។ លោក Bannon បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងករណីដែលលោក ចូ បៃដិន ឈ្នះនៅក្នុងការបោះឆ្នោត លោក ត្រាំ នឹងប្រកាសថាលោកនឹងត្រឡប់មកចូលរួមប្រកួតប្រជែងសាជាថ្មី នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ២០២៤»។ តែទោះជាយ៉ាងនេះក្ដី លោក Bannon ជឿជាក់ថា លោក ត្រាំ «នៅតែមានឱកាសឈ្នះ» នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០នេះ បើទោះជាការស្ទង់មតិថ្នាក់ជាតិបានបង្ហាញថា លោក បៃដិន មានឱកាសឈ្នះច្រើនជាងលោក ត្រាំ ក៏ដោយ។

ជាក់ស្ដែង តាមរយៈវេទិកាសហព័ន្ធយុវជនអ្នកសាធារណរដ្ឋ (Young Republican Federation) កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ លោក Bannon ក៏បានព្យាករណ៍ដែរថា លោក ត្រាំ អាចនឹងប្រកាសពីជ័យជម្នះភ្លាមៗនៅម៉ោងប្រមាណ ១០-១១៖០០នាទីព្រឹកថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខនេះ ក្រោយទទួលបានជ័យម្នះក្នុងរដ្ឋ អូហៃយ៉ូ (Ohio) និងកំពុងនាំមុខក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋ ផ្ល័ររីដា (Florida)។ លោក Bannon បានបន្ថែមទៀតថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីនៅក្នុងឆ្នាំ២០២០នេះ អាចនឹងមានគម្លាតប្រកៀកប្រកិតគ្នា ឬទំនងជាមិនអាចត្រូវបានប្រកាសភ្លាមៗឡើយ ហើយការដោះស្រាយជម្លោះលើលទ្ធផលបោះឆ្នោត អាចនឹងត្រូវធ្វើឡើងដោយមានអន្តរាគមន៍ពីតុលាការកំពូល។

គួរបញ្ជាក់ថា លោក Steve Bannon ត្រូវបានចោទប្រកាន់ពីបទលាងលុយកខ្វក់ ហើយលោកកំពុងស្ថិតនៅក្រោមការដោះលែង ឱ្យនៅក្រៅឃុំជាមួយការតម្កល់ប្រាក់ ៥លានដុល្លារកាលពីខែសីហា។ សវនាការរបស់លោកគ្រោងនឹងធ្វើឡើងនៅខែឧសភា ឆ្នាំ២០២១។ ទោះជាយ៉ាងណា អតីតនាយកប្រតិបត្តិយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីឆ្នាំ២០១៦ រូបនេះបានច្រានចោលការចោទប្រកាន់ដោយអះអាងថា លោកមិនបានធ្វើខុសអ្វីទាំងអស់៕

ប្រភព៖ Freshnewsasia

No comments