Page Nav

HIDE

Breaking News:

latest

មេបញ្ជាការ កងទ័ពជើងគោក ទទួលជួបទូត​ អាមេរិក និងអនុព័ន្ធយោធា តែងតាំងថ្មី

ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយ...



ភ្នំពេញ៖
នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបពិភាក្សាការងារជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ ប្រចាំប្រទេសកម្ពុជា ព្រមជាមួយនឹងវត្តមាន របស់លោកវរសេនីយ៍ឯក Thang Ly ដែលត្រូវណែនាំខ្លួន ក្នុងឱកាសដែលលោក ត្រូវចូលកាន់តំណែង​ ជាអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី។


នៅក្នុងជំនួបនេះ លោក ឯកអគ្គរដ្ឋទូត បានលើកឡើងអំពីសារៈសំខាន់នៃការថែរក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការផ្នែកយោធាឱ្យបានល្អ និងអំពីភាពជោគជ័យ នៃកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ​ នៅក្នុងវិស័យសុខាភិបាល​ ដែលបានអនុវត្តកន្លងមក ដើម្បីលើកកម្ពស់សុខភាពសាធារណៈនៅកម្ពុជា។

លោកក៏បានសម្តែងនូវការកោតសរសើរ​ ចំពោះគោលនយោបាយ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការអនុវត្តយុទ្ធនាការជាតិ​ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ដែលបានដំណើរការ​ យ៉ាងលឿនរហ័ស និងទទួលបានជោគជ័យ​ គួរឱ្យកត់សម្គាល់ ដោយរហូតមកដល់ពេលនេះ​ សម្រេចលទ្ធផលជាង ៩០% លើចំនួនប្រជាជនគោលដៅ។

ជាការឆ្លើយតប លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់អំពីជំហររបស់កងទ័ពជើងគោកកម្ពុជា​ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ​ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរង់ចាំស្វាគមន៍ជានិច្ច​ ក្នុងការសហការ​ ជាមួយលោកអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មី ដើម្បីពិភាក្សាកិច្ចការនានា​ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា។

ឆ្លៀតក្នុងឱកាសនោះ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ក្នុងនោះរួមទាំងរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយវ៉ាក់សាំង​ ការពារជំងឺកូវីដ-១៩ Johnson & Johnson ជាង ១ លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (Covax) ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា កាលពីខែកក្កដា និងសីហាកន្លងទៅ ដែលនេះគឺជាផ្នែកមួយ​ នៃការគាំទ្រ​ ជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក​ ចំពោះប្រជាជនកម្ពុជា​ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩៕

No comments