Page Nav

HIDE

Breaking News:

latest

អគ្គលេខាធិការ UN សន្យាធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា

(ញូយ៉ក)៖   អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានសន្យាថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាច...

(ញូយ៉ក)៖ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានសន្យាថា លោកនឹងធ្វើអ្វីៗគ្រប់យ៉ាងទៅតាមអំណាចដែលអាចធ្វើទៅបាន ដើម្បីដាក់សម្ពាធលើមីយ៉ាន់ម៉ា និងធ្វើឱ្យប្រាកដថា រដ្ឋប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នឹងទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

ការសន្យារបស់លោក Antonio Guterres ធ្វើឡើងនៅក្នុងបទសម្ភាសន៍ ជាមួយកាសែតអាមេរិក Washington Post នៅថ្ងៃពុធសប្ដាហ៍នេះ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើទៅបាន សំដៅជំរុញឱ្យតួអង្គសំខាន់ៗ និងសហគមន៍អន្តរជាតិ ដាក់សម្ពាធលើប្រទេសមីយ៉ានម៉ា ដើម្បីធ្វើឱ្យប្រាកដថា រដ្ឋប្រហារនេះនឹងបរាជ័យ»។ លោកអគ្គលេខាធិការ បានបន្ថែមទៀតថា រដ្ឋប្រហារ និងចេតនាចង់កែប្រែលទ្ធផលបោះឆ្នោត និងឆន្ទៈរបស់ប្រជាជន គឺជារឿងមិនអាចទទួលយកបានជាដាច់ខាត។

គួរបញ្ជាក់ថា ក្រោយការចាប់ខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប នៃរដ្ឋាភិបាលរបស់លោកស្រីជាច្រើនរូប យោធាមីយ៉ាន់ម៉ានៅថ្ងៃពុធសប្ដាហ៍នេះ បានចោទប្រកាន់លោកស្រី ស៊ូជី ពីបទកាន់កាប់ឧបករណ៍ទំនាក់ទំនងខុសច្បាប់ ដោយនឹងបន្តឃុំខ្លួនលោកស្រីរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ដើម្បីស៊ើបអង្កេត។ ការចោទប្រកាន់បែបនេះ ដែលត្រូវក្រុមអ្នកឃ្លំាមើលស្ថានការណ៍នៅមីយ៉ានម៉ា ចោទប្រកាន់ថាជាការប្រឌិតឡើងនោះអាចធ្វើឱ្យលោកស្រី ស៊ូជី ជាប់ពន្ធនាគាររហូតដល់ ០៣ឆ្នាំ៕

ប្រភព៖​ Freshnewsasia

No comments