Page Nav

HIDE

Breaking News:

latest

ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បុគ្គលល្បីឈ្មោះ៦នាក់ ប្រឈមមុខការចាប់ខ្លួន, មនុស្សជិត ៥០០នាក់ហើយត្រូវបានចាប់ឃុំឃាំង ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ»

(រ៉ង់ហ្គូន)៖   រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បុគ្គលមានប្រជាប្រិយភាព ០៦នាក់ដែលបានលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករដ្ឋជាច្រើន ធ្...

(រ៉ង់ហ្គូន)៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បុគ្គលមានប្រជាប្រិយភាព ០៦នាក់ដែលបានលើកទឹកចិត្ត និងជំរុញឱ្យបុគ្គលិករដ្ឋជាច្រើន ធ្វើកូដកម្មមិនចូលធ្វើការ ខណៈចំនួនអ្នកដែលត្រូវបានចាប់ខ្លួន គិតចាប់តាំងពីថ្ងៃផ្ទុះព្រឹត្តិការណ៍ថ្ងៃទី០១ ខែកុម្ភៈ បានកើនដល់ជិត ៥០០នាក់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមយោធាមីយ៉ាន់ម៉ា មនុស្សទាំង ០៦នាក់ដែលអាជ្ញាធរកំពុងតាមចាប់ខ្លួន ក្នុងនោះរួមមានអ្នកដឹកនាំខ្សែភាពយន្ដ, សិល្បៈករ និងតារាចម្រៀងម្នាក់។ អាជ្ញាធរបានចោទអ្នកទាំងនេះពីបទញុះញង់ ឱ្យបុគ្គលិករដ្ឋចូលរួមក្នុងបាតុកម្មតវ៉ា។

កាលពីថ្ងៃពុធសប្ដាហ៍នេះ កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍ថា បានបើកការបាញ់បង្ក្រាប ទៅលើហ្វូងបាតុករនៅក្នុងទីក្រុង ម៉ាន់ដាឡាយ (Mandalay) កំឡុងប្រឈមមុខជាមួយក្រុមកម្មករផ្លូវដែក ដែលនាំគ្នាបិទចរាចរណ៍រថភ្លើង ជាផ្នែកមួយនៃបាតុកម្មប្រឆាំងនឹងទង្វើ ដែលពួកគេចោទថា «រដ្ឋប្រហារយោធា» ទោះបីជាយោធាមីយ៉ាន់ម៉ា បានអះអាងជាច្រើនដងថា វាមិនមែនជារដ្ឋប្រហារក៏ដោយ។ មនុស្សម្នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នានេះ ខណៈក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម បើទោះជាមានការព្រមានបង្រ្កាបពីយោធាក៏ដោយ។

គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃអង្គារសប្តាហ៍នេះ យោធាមីយ៉ាន់ម៉ាបានចេញ សេចក្តីថ្លែងការណ៍ម្តងទៀត ដើម្បីបញ្ជាក់ពីគោលជំហររបស់ខ្លួនឡើងវិញ នោះគឺការប្តេជ្ញាធររៀបចំការបោះឆ្នោត និងប្រគល់អំណាចទៅដល់ គណបក្សដែលឈ្នះយ៉ាងពិតប្រាកដ ហើយយោធាថែមទាំងអះអាងទៀតថា ខ្លួននឹងមិននៅកាន់អំណាចយូរនោះឡើយ។

ទោះជាបែបនេះក្តី ក្រុមបាតុករត្រូវគេមើលឃើញថា មិនបានអើពើនឹង សេចក្តីថ្លែងការណ៍នោះឡើយ ហើយនៅតែបន្តធ្វើបាតុកម្មកាន់តែខ្លាំងឡើង និងក្នុងទម្រង់ប្លែកៗពីគ្នាដូចជា ការបិទផ្លូវរថភ្លើង, ការជិះរទេះគោតវ៉ាជាក្បួន និងការចតរថយន្តចោលកណ្តាលផ្លូវធំៗ ដើម្បីរារាំងដំណើររបស់កងកម្លាំងយោធាជាដើម ចំពោះការមុខការដាក់ពង្រាយ កងកម្លាំងយោធា និងការធ្វើឲ្យមានភាពរអាក់រអួល ប្រព័ន្ធទូរគមនាគមន៍ទូទាំងប្រទេស៕

ប្រភព៖ Freshnewsasia





No comments